ក្រុមមន្ត្រីឃាត់ខ្លួន សមត្ថកិច្ច៤នាក់ ករណី សមគំនិត ជាមួយវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច

0

ភ្នំពេញ៖ក្រុមមន្ត្រីចម្រុះបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលសង្ស័យមានការសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។

មន្ត្រីបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃនេះថា៖បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់។
ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,
ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,
ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច,ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តតាមផ្លូវច្បាប់។

មន្ត្រីបានថ្លែងបញ្ជាក់ថាករណីនេះក្រុមការងារ របស់គណៈកម្មការជាតិ បានបន្តរុករកគល់ឈើ ដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ករណីបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ អនុវត្តតាមបទបញ្ជា របស់លោកសៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយកម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល អភិបាលខេត្តមណ្ឌលគីរី និងលោកម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី៕SRP