ភ្នំពេញ៖គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។ កំណាត់ចោមចៅ-បែកគូស-កំពតនេះ ត្រូវបានបែងចែកជា២ផ្នែក៖
គីឡូម៉ែត្រ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស)៖ មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។ គីឡូម៉ែត្រ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ១៣៤+៧៩៦ (ទីរួមខេត្តកំពត)៖ ប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។
សូមជម្រាបថានៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះរបស់ក្រសួងសាធារណការ និងសមាជិកសមាជិកា នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាឱ្យការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និង គ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ក្រសួងទុកសុពលភាពរយៈពេលមួយឆ្នាំជូនក្រុមហ៊ុនសាងសង់ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដំណើការតាមដានគុណភាពផ្លូវសិន មុននឹងក្រសួងចុះហត្ថលេខា សម្រេចទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់ ក្នុងគោលបំណងធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។
រដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវនេះបង្កប់ជញ្ជីងថ្លឹងទម្ងន់ក្រោមដី ដែលអនុញ្ញាត ឱ្យយើងដឹងទាំងល្បឿន ដឹងទាំងទម្ងន់ឡាន ហើយកាមេរ៉ាចាប់បានទាំងផ្លាកលេខឡាន ដើម្បីថែរក្សាផ្លូវនេះឱ្យបានយូរអង្វែង ដូចដែលក្រសួងធ្លាប់បានអនុវត្តការសាកល្បងបានជោគជ័យនូវជញ្ជីងប្រភេទ នេះនៅឯស្ថានីយថ្លឹងយានយន្តព្រែកឯងកន្លងមក។
រដ្ឋមន្ត្រីបានបញ្ជាក់ថា៖ កន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹម រួមមានការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបាន ផាកពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានប្រមាណជាង១០០គ្រឿង និងបានឃាត់យានយន្តទុករយៈពេល១ឆ្នាំ និងបន្ថែមថា៖ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ។
រដ្ឋមន្រ្តី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែម ទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចហ៊ុន សែន។
រដ្ឋមន្ត្រី បានបន្ថែមថា៖ បើយើងរួបរួមគ្នា យើងមានផ្លូវថ្នល់ខ្វាត់ខ្វែង អាចធ្វើដំណើរស្រួល លឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ អាចប្រកួតប្រជែង ទាក់ទាញទេសចរណ៍ ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង និងសូមរួមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រីក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ឱ្យបានរុងរឿង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។
ឆ្លៀតក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ គម្រោងសាងសង់ស្ពាននៅក្រចេះ និងបណ្ដាគម្រោងសាងសង់មួយចំនួនផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយភស្តុភាកម្ម ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុន
នៅកម្ពុជា៕SRP

