ខេត្តត្បូងឃ្មុំ៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថា នារីចំនួន២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារជិះម៉ូតូបុកជាមួយរថយន្តវិហ្គោ។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃសុក្រ ទី ១៨-មិថុនា- ២០២១ ម្សិលមិញលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងរថយន្ត។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី1B-0007 បើកបរដោយឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)
បានឌុបមនុស្សចំនួន២នាក់៖ 1/ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) 2/ ឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន (រត់គេចខ្លួនបាត់)។
របាយការណ៍បន្តថាករណីនេះទិសដៅម៉ូតូបើកបរឆ្លងផ្លូវពីជើងទៅត្បូងបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត រថយន្តបើកបរពីកើតទៅលិចបុកម៉ូតូ តែម្ដង។ ក្នុងខូចខាតម៉ូតូ និងរថយន្តកម្រិតធ្ងន់។ មូលហេតុ បញ្ច្រាសទិស។ ទោះជាយ៉ាងណាជនរងគ្រោះអ្នកជិះម៉ូតូទាំង៣នាក់ មិនមានពាក់មួកសុវត្ថិភាពនោះទេ៕SRP

