ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញបូជា ធូប ទៀន ផ្កាភ្ញី ថ្វាយព្រះបដិមាករ និងនាំយក ចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៥ យាងចូល ៨៦ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ។
លោក អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង គណៈកិត្តិយស និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។
បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក អ៊ុនចាន់ដា និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ សាដក និងបច្ច័យចំនួន ៥ម៉ឺនរៀល ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល។ ឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា ១១នាក់ និងចាស់ព្រឹទ្ធាចារ្យ ចំនួន ៨៦ នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល។
សម្រាប់វត្តភ្នំជ័យគិរី លោក អ៊ុន ចាន់ដា និងលោកជំទាវ បានប្រគេន៖ ទៀនវស្សា ១គូ , អង្ករ ២៥០ គក្រ ,មី ១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ១០កេស និងបច្ច័យចំនួន ១,៦០០,០០០ រៀល។ ជាមួយនោះ សាខា ក៏បានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ សម្រាប់ឆាន់ថ្ងៃត្រង់ចំនួន ១០០ អង្គ ក្នុងវត្តភ្នំ ហាន់ជ័យ នេះ ផងដែរ៕SRP

