ចាប់ខ្លួនមនុស្ស៤នាក់ រឹបអូសគ្រឿងញៀនជិត៤០គីឡូ ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួននឹងរឹបអូសគ្រឿងញៀនជិត៤០គីឡូ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃពុធទី១៦ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការនេះ អនុវត្តតាមដីការបញ្ជាអោយចូលជាទីតាំង ជនល្មើសស្នាក់នៅ ដោយ នគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលខេត្តបាត់ដំបង ធ្វើការឆែកឆេរនៅក្នុងលំនៅដ្ឋានខាងលើ ត្រួតពិនិត្យឃើញមានវត្ថុតាងសង្ស័យ គ្រឿងញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយ៥ ដើម្បីបំភាន់ភ្នែកមហាជន និង សមត្ថកិច្ច តាមការប៉ាន់ស្មាន ប្រហែលជា ជិត៤០គីឡូក្រាម។ ជាមួយគ្នានេះដែរក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន ស្រី១នាក់ជាជនជាតិថៃម្នាក់។ បើតាមសមត្ថកិច្ចថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថតាង ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕SRP