ខេត្តកំពង់ចាម៖លោកស្រីញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារសាខាសមាគមនារី ជាច្រើនរូបទៀត នៅព្រឹកមិញនេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារ ជាម៉ាស ចំនួន ១.០០០ម៉ាស ទឹកក្រូច ចំនួន ១៩កេស និងទឹកសុទ្ធ ចំនួន ១៩កេស ផ្តល់ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក មជ្ឈមណ្ឌលគរុកោសល ភូមិភាគ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី ប្រធានសាខាសមាគមនារីខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ដើម្បី ដោះស្រាយទុក្ខលំបាក ក៏ដូចជា ជាការចូលរួមចំណែក ក្នុងការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បី រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ។
លោកស្រី ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរ សូមបន្តការយកចិត្តទុកដាក់ខ្ពស់ និងតាមដានសុខភាព បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ ដើម្បី បញ្ជូនពួកគេទៅព្យាបាលទាន់ពេលវេលា។ ជាមួយនោះ ក៏សូមបងប្អូនចូលរួមអនាម័យ ដោយអនុវត្តន៍ ៣ការពារ និង៣កុំ ដើម្បី បញ្ចៀសការចម្លងមេរោគ ដ៏កាចសាហាវនេះ ទៅដល់ប្រជាពលរដ្ឋផ្សេងៗទៀត៕SRP

