លោក ខៀវ កាញារីទ្ធ ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដបាននោះទេ

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង នូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយៈការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

លោក ខៀវ កាញារីទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ព្រឹកមិញនេះ គឺបានធ្វើការបន្តពិនិត្យលើវឌ្ឍនភាពការងារ ដែលគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បាន ក្នុងរយៈ ពេលពេញ១ សប្តាហ៍កន្លងមកនេះ ទទួលបានលទ្ធផលល្អ ស្របតាមផែនការ និងសកម្មភាពការងារដែលបានដាក់ចេញកន្លងមក។

លោក ខៀវ កាញារីទ្ធ ក៏បានជំរុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់ ក្នុងផែនការចំណាញថវិកា សម្រាប់កិច្ចការផ្សេងៗ នៅក្នុងឆ្នាំ២០២២ ពិសេសការចំណាយសម្រាប់ប្រេងឥន្ទន: ទុកត្រៀមចាក់ម៉ាស៊ីនផ្សាយរបស់ស្ថានីយ៍វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា កុំអោយមានការអាក់ខាននៅពេលដាច់ចរន្តអគ្គីសនី ក្នុងពេលណាមួយ។

លោករដ្ឋមន្រ្តី បានណែនាំអោយប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយនូវរាល់ព័ត៌មាន បែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារ គតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា អោយបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៍សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល។ ជាមួយនេះរាល់ការផ្សាយព័ត៌មាន ត្រូវផ្អែកលើ ស្ថាប័នជំនាញ និង សមត្ថកិច្ច ក៏ដូចជាប្រភពច្បាស់លាស់ ហើយត្រូវដកស្រង់នូវរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័ន មានសមត្ថកិច្ច ពិសេសពាក់ព័ន្ធរឿងជំងឺកូវីដ ១៩ ត្រូវតែយក ប្រភព និង ព័ត៌មានច្បាស់លាស់ ដែលចេញដោយ ក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិត សម្រាប់អោយ ប្រជាពលរដ្ឋ បានដឹងទាន់ពេលវេលា៕SRP