អភិបាលខេត្តកំពង់ចាម ពិនិត្យស្ថានភាព បិទខ្ទប់ផ្ទះ៥៤ខ្នង និងផ្សារចំនួន២ ក្នុងឃុំព្រែករំដេង

0

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យស្ថានភាព​បិទខ្ទប់ផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន​៥៤​ខ្នង​ នៅក្នុង​ភូមិ​ចំនួន​១១​ ស្ថិត​ក្នុង​ឃុំ​ព្រែក​រំដេង​ រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារ​ព្រែករំដេង​ និងផ្សារអូរលែង​ ស្ថិតក្នុងភូមិអូឡេង​ ឃុំព្រៃរំដេង​ ស្រុកស្រីសន្ធរ​។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បិទខ្ទប់​ និង​ផ្អាក​អាជីវកម្ម​ផ្សារខាងលេី​ លោក អ៊ុន​ ចាន់ដា​ បាន​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ ដល់មន្ត្រី​ពាក់ព័ន្ធ​ ត្រូវរៀបចំចងខ្សែហ៊ុំព័ទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្នងផ្ទះ​ ហើយ​ត្រូវស្រាវជ្រាវរកកម្មករ កម្មការីនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩​ ដេីម្បី​ធ្វេីការ​ពិត្រួតនិត្យ​សំណាក​ ហេីយ​បញ្ជួន​ពួក​គាត់​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​។

អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ​ចំពោះ​ការ​បិទខ្ទប់​ផ្ទះ​ ត្រូវ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ដោយឡែក​ការផ្អាក​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ផ្សារ​ គឺ​ត្រូវ​បិទ​ទាំងស្រុង​ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ តាម​ការ​យល់​ឃើញ​ថា​ អ្នក​​គ្មានជំងឺ​ ឬ​មាន​ជំងឺ​នោះទេ​។

អភិបាលខេត្ត បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ធ្វេី​ចត្តាឡីស័ក​យេីង​សុខចិត្ត​អនុវត្តខុស​មុខសញ្ញា​ តែ​ប្រសើរ​ជាង​យើង​បណ្តែតបណ្តោយ​ឲ្យ​ជំងឺ​កូវីដ​-១៩​ ឆ្លង​រាតត្បាតទៅ​ដល់​ប្រជាពលរដ្ឋ​យើង​ក្នុង​សហគមន៍​។អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់ពលរដ្ឋ ឲ្យ​អនុវត្ត​តាម​វិធានការ​៣ការពារ​ ៣កុំ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ផងដែរ​៕SRP