ផ្ទាំងស្រាបៀរ កំពុងរីកព្រោងព្រាត នៅកណ្តាលក្រុងសៀមរាប ស្របនឹងបម្រាមហាមផឹកស៊ី

0

ខេត្តសៀមរាប៖មហាជនជាច្រើនបានលើកឡើងថាផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនយ៉ាងព្រោងព្រាតនៅកណ្តាលក្រុងសៀមរាប ដែលមើលទៅហាក់កំពុងប្រណាំងនឹងបម្រាមការហាមជួបជុំផឹកស៊ី ខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល។

មហាជនបានបន្តថាផ្ទាំងស្រាបៀរទាំងនេះ មានឈ្មោះថា អានឆរ័ (AN CHOR) ដែលពេលនេះកំពុងបង្ហាញនៅចំកណ្តាលទ្រូងផ្លូវ១ខ្សែស្ថិតក្នុងក្រុងសៀមរាប ដែលជាទូទៅ គ្រប់គ្នាហៅថា ផ្លូវតាណើយ។

ចំពោះករណីនេះ មហាជនលើកឡើងថា ក្នុងរដូវកាលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយក្រសួងសុខាភិបាលចេញបម្រាម ហាមជួបជុំផឹកស៊ី ដែលពលរដ្ឋទូទៅបានប្រតិបត្តិតាមការណែនាំ បែជាស្រាបៀរអានឆរ័ បណ្តែតខ្លួន បង្ហាញឬទ្ធិលើទ្រូងផ្លូវ កណ្តាលក្រុងទេសចរទៅវិញ។

មហាជន បានលើកឡើងទៀតថា ព្រោះតែគោរពនិងប្រតិបត្តិបម្រាមក្លឹបកំសាន ហាងផឹកស៊ី ត្រូវបានបិទទ្វារ។ ចំណែកពលរដ្ឋវិញបើទោះបីចង់ផឹកស៊ីក៏មិនហ៊ានដែរ។ ប៉ុន្តែផ្ទាំងផ្សព្វផ្សាយស្រាបៀរ គ្របដណ្តប់ពេញដងផ្លូវ អាជ្ញាធរនិងមន្ទីរពាក់ពាន់ហាក់មិនខ្វាយខ្វល់អើពើទៅនិងការរិះគន់ពីមហាជននោះឡើយ។ ម្យ៉ាងវិញទៀត ផ្ទាំងស្រាបៀរ អានឆរ័នេះ ទើបតែបណ្តែតខ្លួន ក្នុងរដូវកូវីដ-១៩ ស្របនិងបម្រាមហាមផឹកស៊ីនេះឯង។

អ្នកខេត្តសៀមរាបបានបង្ហាញអារម្មណ៍សោកស្តាយ ដោយលើកឡើងថា ក្នុងដំណាក់កាលនេះ ប្រសិនបើ ដោះដូរមកផ្សព្វផ្សាយរូបភាពបែបអប់រំវិញ ការពារបង្ការជំងឺកូវីដ-១៩ មិនដឹងថា ល្អយ៉ាងណានោះទេ។

ក្នុងរណីនេះ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ ថា លោកក៏បានឃើញហើយដែរចំពោះផ្ទាំងស្រាបៀរនេះ។ តែខាងគណ: កម្មការដែលមន្ទីរពាក់ព័ន្ធកំពុងពិនិត្យហើយ ចឹងទេខាងរដ្ឋបាលខេត្តទើបដឹង។

នាយករដ្ឋបាលខេត្តសៀមរាប លោកសុខ ថុល បានថ្លែងតាមទូរស័ព្ទថា ផ្ទាំងស្រាបៀរខាងលើគេមានច្បាប់។ ការផ្សព្វផ្សាយស្រាបៀរ មិនត្រូវបានហាមឃាត់នោះឡើយ។ តែការជួបជុំផឹកស៊ី ពិតជាត្រូវហាមឃាត់។ អីចឹងទេការផ្សព្វផ្សាយស្រាបៀរ មិនពាក់ពន្ធ័នឹងការផឹកស្រាបៀរនោះឡើយ។

សូមបញ្ជាក់ថា ក្នុងខណ:នេះគេឃើញខេត្តកំពង់ ស្ពឺ បានកំពុងរុះរើទម្លាក់ផ្ទាំងស្រាបៀរចុះមកដីស្ទើតែ ១០០%ហើយ។ ចំណែកខេត្តកែបវិញ ថ្នាក់ដឹកនាំក៏បានប្តេជ្ញារុះរើផ្ទាំងស្រាបៀរចោលដូចគ្នាផងដែរ។ ករណីនេះ ក៏មានការលើកឡើងថា ផ្ទាំងផ្សព្វ ផ្សាយស្រាបៀរ នៅតាមបណ្តាខេត្តផ្សេងៗ ទម្លាក់ចុះអស់ហើយ ហើយខេត្តសៀមរាប គេរំពឹងថានឹងមានការទម្លាក់ដូចគ្នា៕SRP