ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យគម្រោងពង្រីកទីលានចាក់សំរាមថ្មីមួយកន្លែង ដែលមានទំហំប្រមាណជា៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះគម្រោងពង្រីកទីលានចាក់សំរាមដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន ចុះពិនិត្យដោយផ្ទាល់នេះ បច្ចុប្បន្នទីតាំងនេះមានដីទំហំប្រមាណជា៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះបានពិនិត្យមើលតាមផែនទី ព្រមទាំងចុះដល់កន្លែងដោយផ្ទាល់ ធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់ទៅដល់អ្នកដទៃ។ ដោយទីនេះក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការវាយតម្លៃដោយសមស្របគឺនឹងអាចប្រែក្លាយជាទីលានចាក់សំរាមបាន។
លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងទៀតថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីបង្វែរដីនៅតំបន់នោះ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមវិញ ជាមួយនោះក៏មានការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា នាពេលខាងមុខសម្រាប់ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺចាក់សំរាមនៅតំបន់នេះ ដែលនៅជិតងាយស្រួលមិនចាំបាច់ទៅឆ្ងាយ។ បច្ចុប្បន្នមានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ដែលមានទំហំ១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ ដោយទីលាននោះស្ថិតនៅឆ្ងាយពីភូមិរបស់ប្រជាពលរដ្ឋ និងមិនមានក្លិនស្អុយជះទៅដល់អ្នកភូមិនោះឡេីយ។
គួររំលឹកថា កន្លងមក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាក្រុងស្រុកមួយចំនួន ដេីម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត និងមានបរិស្ថានល្អ៕SRP