ច្រាំងទន្លេ ក្នុងឃុំកោះទន្ទឹម រងការបាក់ស្រុត ដោយគ្រោះធម្មជាតិ

0

ខេត្តកំពង់ចាម​៖ច្រាំងតួទន្លេមេគង្គ ក្នុង​ឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរងការបាក់ស្រុត ដោយគ្រោះធម្មជាតិ។

ករណីនេះក្រុមមន្ត្រី នៅថ្ងៃទី២៨ ខែឧសភា ម្សិលមិញ បានចុះពិនិត្យស្ថានភាព ដើម្បី​សិក្សា​រកវិធីសាស្រ្តស្ដារឡើងវិញ និងបញ្ជៀសកុំឲ្យបាក់បន្តទៀត។

លោកមេឃុំកោះទន្ទឹម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេដោយគ្រោះ ធម្មជាតិនេះ កើតឡើងតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ និងនៅតែបន្តបាក់រហូតដល់សព្វថ្ងៃនេះ ធ្វើឲ្យបាត់បង់ ដីភូមិ ដីចំការ និងទីតាំងវត្តកោះកុក អស់ ០៣កន្លែង មកហើយ។ ដោយឡែក សាលាបឋមសិក្សាកោះកុក ២កន្លែងទៀត ត្រូវបានបាត់បង់ទាំងអស់ រួមទាំងផ្លូវសាធារណៈប្រវែង ៥.០០០ម៉ែត្រ ក៏ត្រូវបាក់ចូលទន្លេ។ ក្រៅពីនោះ ដីភូមិកោះកុកក្រៅទាំងមូល បានបាត់បង់ទាំងស្រុង ដោយមានប្រជាពលរដ្ឋ រស់នៅ ចំនួន ១៥០គ្រួសារផងដែរ។ ដោយបច្ចុប្បន្ន ដីភូមិ ដីកសិកម្ម លំនៅដ្ឋានប្រជាពលរដ្ឋ ក៏បន្តបាក់ស្រុត ធ្វើឲ្យ ប្រជាពលរដ្ឋ ចំណាកស្រុកទៅរកទីតាំងថ្មី។ ក្នុងនោះ គ្រួសារដែលរុះរើមាន ចំនួន ២៤០គ្រួសារ ប្រឈមការរុះរើ ចំនួន ១២៣ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិ ចំនួន៣ នៃឃុំកោះទន្ទឹម។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម  បានមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្តែង ទីតាំងច្រាំងទន្លេ ដែលកំពុងប្រឈមបាក់ មានប្រវែង ប្រមាណ ២.៤០០ម៉ែត្រ ក្នុងនោះ ទីតាំង ដែលប្រឈមបាក់ខ្លាំងមានប្រវែងប្រមាណ ១.០០០ម៉ែត្រ ដែលចាំបាច់ត្រូវមានវិធានការណ៍ការពារបន្ទាន់។ ជាមួយនោះ ដើម្បីបញ្ជៀសការបាក់ស្រុតបន្តទៀត យើងត្រូវស្តារដីដុះ នៅជ្រោយចុងកោះចេញ ដែលជាការសម្រួលចរន្តទឹក និងត្រូវរៀបចំការពារច្រាំងទន្លេ នៅតំបន់នោះ ផងដែរ ។

គូសបញ្ជាក់ថា ផ្អែកតាមទិដ្ឋភាពរួម នៅតំបន់ខាងលើនេះ មានការប្រែប្រួលចរន្តទឹក និងតួទន្លេ យ៉ាងខ្លាំង ដោយកន្លងមក ធ្វើឲ្យភូមិចំនួន ២ បានបាក់បាត់ទាំងស្រុង និងភូមិ៣ទៀត បាននឹងកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ផងដែរ។ ដោយឡែក វិធានការណ៍ ចំពោះមុខ ត្រូវធ្វើការការពារច្រាំងបាក់ ដែលកំពុងប្រឈមខ្លាំង ប្រវែង ១.០០០ម៉ែត្រ លើប្រវែង ២.៤០០ម៉ែត្រ រួមទាំង ការស្តារដីកកដុះ ដែលប៉ះពាល់ដល់ចរន្តទឹក និងធ្វើការការពារច្រាំងទន្លេ ស្របពេលគ្នានោះដែរ ក្នុងប្រវែងប្រមាណជា២.៤០០ម៉ែត្រ៕SRP