ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ការបញ្ជាឲ្យស្រាវជ្រាវតាមចាប់ជនប្រើអំពើហិង្សាលើអតីតភរិយានេះ បន្ទាប់ពីមានករណីហិង្សាមួយបានកើតឡើងនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជនសង្ស័យជាមន្ត្រីអាវុធហត្ថម្នាក់។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។
កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មីអត្តលេខ ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិក នៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ដោយបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រចណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់៕SRP

