ពលរដ្ឋរងគ្រោះដោយធម្មជាតិ ចំនួន៥០០គ្រួសារ នៅស្រុកក្រូចឆ្មារ ទទួលបានអំណោយពីអាជ្ញាធរ

0

ខេត្តត្បូងឃ្មុំ​៖ប្រជាពលរដ្ឋដែលរងគ្រោះដោយ​កត្តា​ធម្មជាតិ​ ចំនួន៥០០គ្រួសារ​ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ទទួលបានអង្ករ ជាជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន​។

ការទទួលអំណោយនេះ នៅថ្ងៃទី២២ ខែឧសភា ម្សិលមិញ តាមរយ: លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​

លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ​។

លោកជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យ​បន្តការដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ សម្រាប់ជាម្អូបអារហារ និងអាចរកប្រាក់​កម្រៃ​បន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ​ដើម្បីសិក្សាដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​។

អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេ និងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងផ្តល់ថវិកាមួយចំនួនដល់ក្រុមជាងសាងសង់ផងដែរ៕SRP