សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ជយ ពៅ

0

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ជយ ពៅ។

ក្នុងលិខិតបានបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខ ជូន លោកស្រី ជយ ពៅ

ខ្ញុំ និងថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំងសមាជិក-សមាជិកា មានសេចក្ដីក្ដុកក្ដួលនិងស្ដាយស្រណោះ ជាពន់ពេក ចំពោះមរណភាពរបស់ លោក អៀត ដារ៉ាវុធ ជានាយកប្រតិបត្តិសារព័ត៌មាន Swift News និង Best TV និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅវេលាម៉ោង ៤:០០រសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៧ឆ្នាំ។

​មរណភាពរបស់ លោក អៀត ដារ៉ាវុធ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបនៅក្នុង វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ លោកគឺជាសហការី មានសណ្តានចិត្តល្អ ស្មោះត្រង់ ចេះជួយយកអាសារមិត្តភក្តិ។ ជាមួយគ្នានេះ លោកបានលះបង់ពេលវេលា និងប្រាជ្ញាស្មារតីដ៏មានតម្លៃចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លើសពីនេះ យើងខ្ញុំកាន់តែនឹកស្តាយស្រណោះជាពន់ពេក ដែលលោកតែងតែបង្ហាញក្តីស្រឡាញ់និងមោទនភាព ចំពោះការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយនៅថ្ងៃចុងក្រោយបំផុត លោកទទួលមរណភាពទៅជាមួយនឹងសម្លៀកបំពាក់មានស្លាកសញ្ញា ស.ស.ស.ក និងទង់ជាតិកម្ពុជា។

​ការចងចាំរបស់យើងខ្ញុំចំពោះ លោក អៀត ដារ៉ាវុធ គឺមានច្រើនរាប់មិនអស់ ហើយលោកប្រៀបបានជាសមាជិកនៃគ្រួសាររបស់យើងខ្ញុំ៖ «លោក អៀត ដារ៉ាវុធ គឺជានិមិត្តរូបនៃសហការី ដែលបានយក ភក្តីភាព ភាពស្មោះត្រង់ និង គុណធម៌ ជាតម្លៃនៃជីវិត»។ នេះគឺជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលយើងខ្ញុំគោរពនិងចងចាំជានិច្ច។

​នៅក្នុងឱកាសនៃការជូនដំណើរនាគ្រាចុងក្រោយនេះ ខ្ញុំ និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយ លោកស្រី ក្មួយៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង ដល់បុណ្យបារមីវត្ថុស័ក្តសិទ្ធជួយជ្រោងនាំដួងវិញ្ញាណក្ខន្ធ លោក អៀត ដារ៉ាវុធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP