ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋាននៅថ្ងៃទី១៩ខែ ឧសភា នេះ បានអះអាងថា ករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងពារាំង ដែលមានរយ:ពេលជិត១សប្តាហ៍នេះ ពន្លត់បានស្ទើទាំងស្រុងហើយ។
ចៅសង្កាត់ជ្រាវ លោកក្អោប រ៉ន បានអះអាងថា រយ:ពេលជិត១សប្តាហ៍នេះភ្លើងបានឆេះបំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពង កូន អស់ប្រមាណជា៥៥ហិកតា។ ក្នុងនោះ ក្រៅពីព្រៃលិចទឹក ក៏បានបំផ្លាញសត្វស្លាបដែលកំពុងពងកូន ប្រភេទសត្វល្មូន និងជីវ:ចម្រុះយ៉ាងច្រើនផងដែរ។
លោកចៅសង្កាត់បន្ថែមថា ករណីខាងលើនេះ ថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត រហូតគ្រប់គ្រងស្ទើទាំងស្រុងហើយ។
ទោះជាបែបនេះក្ដី លោកចៅសង្កាត់ មិនទាន់បានបញ្ជាក់ថា បុគ្គលណាមួយ ជាអ្នកផ្តើមគំនិតដុតព្រៃនេះទេ។ តែលោកបានបង្ហើបថា មានអ្នកលួចដុត បំណងវាទយកដីធ្វើជាកម្មសិទ្ធិ។ ខណ:នេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ដើម្បីចាប់ខ្លួនជនប្រព្រឹត្ត មកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ ២០២១នេះ ភ្លើងបានឆេះព្រៃលិចទឹកនៅតំបន់បឹងពារាំងផ្នែកខាងលិច្ច ក្នុងអស់ជាង២០ហិកតា។ លុះថ្ងៃបន្ទាប់ ភ្លើងបានឆេះរាលរហូតមកដល់ចំណុចផ្លូវ ចូលបឹងពាងរាំងក្នុងសង្កាត់ជ្រាវអស់ជាង២០ហិកតាថែមទៀត។ លុះមកទល់ថ្ងៃទី១៩ខែឧសភានេះ អាជ្ញាធរនិងសមត្ថកិច្ចសហការ អន្តរាគមន៍ បាញ់ពន្លត់ជោគជ័យស្ទើទាំងស្រុងហើយ៕SRP

