សកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន

ភ្នំពេញ៖មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើ ដោយរថយន្តធំៗចេញពីខេត្តមណ្ឌលគិរី ដើម្បីយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗទៀត នៅតែបន្តកើតមាន បើទោះបីអាជ្ញាធរជំនាញពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។ ការដឹកជញ្ជូនឈើដោយរលូនយ៉ាងដូច្នេះត្រូវបានគេដឹងថា រថយន្តដឹកឈើទាំងនោះសុទ្ធតែមានPC អនុញ្ញាតពីសមត្ថកិច្ចជំនាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនខេត្ត ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឃាត់រថយន្តដឹកឈើ១គ្រឿង នៅចំណុចស្ពានកណ្តែក ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការសង្ស័យថាការដឹកជញ្ជូនឈើ លើសលិខិតអនុញ្ញាត។

យោងតាមសេចក្ដីរាយការណ៍បានដឹងថា ការដឹកជញ្ជូនឈើដោយរថយន្តធំៗ ចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបងឆ្លងកាត់ខេត្តឧត្តរមានជ័យ បន្តកើតមានជាហូរហែ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញនៅតាមបណ្ដាខេត្ត ឆ្លងកាត់ខាងលើ ហាកបីមិនមានឆន្ទៈក្នុងការទប់ស្កាត់ឡើយ។

សូមជម្រាបថាខណៈពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនជាពិសេសខេត្តមណ្ឌលគិរី ក្រុមឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់តាមបណ្តាខេត្តបានដោយសេរី៕SRP