អភិបាលខេត្តមណ្ឌលគិរី ប្រាប់ក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដី ឲ្យបានច្បាស់លាស់

ខេត្តមណ្ឌលគិរី៖លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ដល់បណ្តាក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធ។

លោកអះអាងយ៉ាងដូច្នេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនផេសុីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែ ខេត្តមណ្ឌលគិរី។

លោកអភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនផេសុីហ្វិចយ៉ញស្តុកខមភេនី លីមីធីត ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន ហើយជាពិសេស ក៏សូមឲ្យក្រុមហ៊ុនមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកក៏បានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដី ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព៕SRP