ខេត្តកំពង់ចាម៖អភិបាលខេតកំពង់ចាម លោកអ៊ុន ចាន់ដា បានជំរុញឲ្យពលរដ្ឋប្រកបមុខរបរផ្សេងៗ ដេីម្បីបង្កើនជីវភាព និងការកាត់បន្ថយភាពក្រីក្រ។
លោកបន្តថាអាជ្ញាធរបានគិតគូរដល់ការលេីកកម្ពស់កម្រិតជីវភាពពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដោយថ្មីៗនេះ បានធ្វេីការស្ថាបនាផ្លូវកៅស៊ូ១ខ្សែ ចេញពីវត្តបឹងស្នាយរហូតដល់ភូមិតាមាង ស្រុកកំពង់សៀម ឲ្យបានរួចរាល់ក្នុងអំឡុងខែ១១ ឆ្នាំ២០២១ខាងមុខនេះ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ ប្រកបមុខរបរផ្សេងៗ កាន់តែប្រសើរឡើង។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៧០គ្រួសារ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីរសៀលថ្ងៃនេះ។
លោកបានសំដែងនូវការសោកស្ដាយចំពោះ គ្រោះធម្មជាតិ ដែលបានបង្កការរំខាន ដល់ការរស់នៅ ក៏ដូចជាការប្រកបមុខរបរប្រចាំថ្ងៃ របស់ពលរដ្ឋ ស្របពេលកំពុងជួបប្រទះនូវផលលំបាកនៃជំងឺកូវីដ-១៩។ លោកថាទោះជាយ៉ាងណាអាជ្ញាធរបានខិតខំរិះរកវិធីដោះស្រាយ តាមរយៈអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដេីម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពកសាងលំនៅឋានឡើងវិញ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល ផងដែរ៕SRP