ខេត្តកំពង់ចាម៖ក្នុងឱកាសនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង ចំនួន ៩០គ្រួសារ នៅស្រុកព្រៃឈរ និងស្រុកកងមាស នៅព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកអំណោយ ដែលទទួលបានក្នុងឱកាសនេះ ទៅជួសជុលកសាងផ្ទះឡើងវិញនឹង ត្រូវបន្តប្រកបមុខរបរទទួលទាន និងធ្វើការបង្កបង្កើនផល ឲ្យទាន់រដូវវស្សានេះផងដែរ។
លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀង ខ្យល់ ផ្គរ រន្ទះ ព្រោះកត្តាធម្មជាតិទាំងនេះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ចំពោះអាយុជីវិតមនុស្ស និងសត្វ ឬទ្រព្យសម្បត្តិផ្សេងៗ ជាពិសេសកូនចៅតូចៗ កុំឲ្យចេញនៅក្រៅផ្ទះ ឬនៅទីវាល។ លោកក៏បានអំពាវនាវឲ្យអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ជាពិសេស ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ម្សិលមិញដោយមានអង្ករ មី ទឹកត្រី ស៊ីអ៊ីវ ត្រីខ មុង ភួយ សារុង ក្រមា អាវ និងថវិកាមួយចំនួនទៅតាមទំហំនៃការខូចខាត ដែលមានកំរិតធ្ងន់ និងស្រាលផងដែរ៕SRP

