អភិបាលខេត្តកំពង់ចាម​ ប្រាប់អាជ្ញាធរមូលដ្ឋាន បញ្ជូនពលរដ្ឋ ចំណូលស្រុក ទៅធ្វេីចត្តាឡីស័ក

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​លោក អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​ដេីរតួរ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​ តាម​ការ​កំណត់​ ​ដូច្នេះ​យើង​ត្រូវ​ទាមទារ​ធ្វេីយ៉ាងណា​ ត្រូវ​ជំរុញ​ឲ្យ​តួរអង្គ​ទាំង៤នេះ​ បន្ត​សហការ​គ្នា​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​។

លោកលើកឡើងយ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៤ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។

​អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថា​ ក្រៅពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ ជា​ម្ចាស់​មូលដ្ឋាន​​ ក៏ជា​តួរអង្គ​មួយ​យ៉ាង​សំខាន់​ផងដែរ​ ក្នុង​ការ​រាយការណ៍​ទៅ​អាជ្ញាធរ​ នៅពេល​មាន​ពលរដ្ឋ​ចំណូល​ស្រុក​ ឬ​អ្នក​ចំឡែកចូល​មក​​ ព្រោះ​គាត់​យល់ថា​ការចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ ជា​កតព្វកិច្ច​មួយ​ ដែល​អាច​រួចផុត​ពី​ការបិទខ្ទប់ភូមិទាំងមូលរបស់​គាត់​​ទៀត​ផង។ ​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​​ ឲ្យ​រដ្ឋបាល​ក្រុង​-ស្រុក​ ក៏ដូចជា​ឃុំ​-សង្កាត់​ ទាំង​អស់​ ត្រូវ​​បន្ត​ពង្រឹង​​ការ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក​ និង​បន្ត​ការ​ផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នានា​របស់​ក្រសួង​​សុខាភិបាល​ ជាពិសេស​វិធានការ​​ ៣ការពារ​ ៣កុំ​ និង​២ចូលរួម​ ឲ្យ​បាន​ទូលំទូលាយដល់​គ្រប់​មូលដ្ឋាន​ផងដែរ​។ ​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​
១.​ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២.​ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ​៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕SRP