អគ្គិសនីខេត្តសៀមរាប ឧបត្ថម្ភថវិកា២លានរៀល ដល់កម្លាំងនគរបាល ដែលមានស្នាដៃបង្ក្រាបចោរលួចខ្សែភ្លើង

0

ខេត្តសៀមរាប៖អគ្គិសនីខេត្តសៀមរាប បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ដល់នគរបាលក្រុងសៀមរាបនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក ព្រមទាំងប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត ដែលបង្ក្រាបករណីលួចកាត់ខ្សែភ្លើង។

ការប្រគល់ថវិកានៅថ្ងៃទី២៨ ខែមេសាព្រឹកមិញនេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដោយមានការចូលរួមពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការខេត្តសៀមរាប។

លោក ភឹង ចិន្តារ៉េត បានមានប្រសាសន៍ថា ជំនួសមុខឲ្យលោកមទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលតែងតែផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលបង្ក្រាបបានករណីលួចកាត់ខ្សែភ្លើង ជាបន្តបន្ទាប់កន្លមក។

លោកបន្តថា ថវិកាទាំងនោះលោកបានផ្តល់ទៅឲ្យកម្លាំងនគរបាលក្រុងសៀមរាបចំនួន៥០ម៉ឺនរៀល,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើកចំនួន១លានរៀលនិងកម្លាំងប្រជាការពារភូមិចំនួន៥០ ម៉ឺនរៀល។

លោកក៏បានជំរុញឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ជាមួយគ្នានេះលោកក៏បានកោតសរសើរដល់នគរបាលប៉ុស្តិ៍សាលាកំរើក និងនគរបាលក្រុងសៀមរាប ដែលបានបង្ក្រាបបទល្មើសលួចខ្សែភ្លើងនេះបានទាន់ពេលវេលា។ ដោយឡែកអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលខេត្តសៀមរាប ដែលបានបង្ក្រាបបទល្មើសករណីលួចកាត់ខ្សែភ្លើងទទួលបានជោគជ័យផងដែរ។

សុំបញ្ជាក់ថាកាលពីយប់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុងសៀមរាប មានករណីចោរលួច កាត់ខ្សែភ្លើង ក្នុងផ្ទះរបស់មន្ត្រីអគ្គិសនីសៀមរាប ម្នាក់។ ក្រោយមានហេតុការណ៍បែបនេះនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៣នាក់និងបញ្ជូនទៅតុលាការផងដែរ៕SRP