អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដល់ផ្ទះអ្នកពាក់ព័ន្ធ ករណីវិជ្ជមានកូវីដ-១៩ នៅស្រុកបាធាយ

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម  នៅរសៀលថ្ងៃទី២២ខែមេសាម្សិលមិញបានអញ្ជើញ ចុះ ពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ស្ត្រីឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញវិជ្ជមានកូវីត-១៩ដោយមានមនុស្ស៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល។

ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះលោកអ៊ុនចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ -១៩ ដើម្បីជំរុញការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុងនោះអាជ្ញាធររួមនឹងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យនិងតាមដានឲ្យបានជាប់ជាប្រចាំដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលើត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក  ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ក្នុង នោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ជាពិសេស មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យ ទាក់ទង ជាមួយនឹងអ្នកជំងឺរូបនេះ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឲ្យចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថានៅថ្ងៃទី២២ ម្សិលមិញ នេះ បន្ទាប់ពីរដ្ឋបាលខេត្តបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើស្ត្រី ខាងលើនេះ អភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរសុខាភិបាល ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយ ករណីនេះ ដោយបានបញ្ជូនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធដោយប្រយោលត្រូវបានណែនាំឲ្យធ្វើ ចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការពាក់ព័ន្ធផងដែរ៕SRP