
ខេត្តកំពង់ចាម៖អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ក្តាប់មុខសញ្ញាដែលប៉ះពាល់ ដោយប្រយោល និងដោយផ្ទាល់ ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩ ដើម្បី ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដោយត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យ បានទាន់ពេលវេល។
ការ ជំរុញ យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ នាព្រឹក ថ្ងៃ ទី ២២ ខែមេសា ឆ្នាំ ២០២១ នៅ សាលា ស្រុក ស្រីសន្ធរ ។
ថ្លែង ក្នុងកិច្ចប្រជុំនេះ អ៊ុន ចាន់ដា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង មកធ្វើការ នៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នោះ លោក បានចាត់ឲ្យរដ្ឋបាលស្រុក សហការជាមួយមន្ទីរសុខាភិបាល នាំយកកម្មករ កម្មរិនី ដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ ឲ្យ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និនិងដោយប្រយោផងដែរ។
អភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយត្រូវរង់ចាំលទ្ធផលសំណាក អ្នកដែលពាក់ព័ន្ធ នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១ ។ ក្នុង នោះ មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹងអ្នកសង្ស័យដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក ជា បន្ទាន់ ។ ជាពិសេស ត្រូវណែនាំដល់គណៈអាជីវករ ក៏ដូចជា អាជីវករ នៅតាមផ្សារនានា ត្រូវរៀបចំជាប្រដាប់វាស់កំដៅ អាកុលលាងដៃ និងពាក់ម៉ាស ឲ្យ បានជាប់ជាប្រចាំ។
គួរបញ្ជាក់ថា នៅស្រុកស្រីសន្ធរ រកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុង នោះរដ្ឋបាលស្រុក បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ចំនួន០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កចំនួន៦០នាក់ ផងដែរ ៕SRP

