ការកែលម្អ សណ្ឋាគារមេគង្គ​ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានកូវីដ សម្រេចបាន៨០%​ហើយ

0

ខេត្តកំពង់ចាម​៖ការ​កែលម្អ ​អតីតសណ្ឋាគារ​មេគង្គ​ ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ សម្រេចបាន៨០%​ហើយ។

ក្នុងដំណើរចុះត្រួតពិនិត្យ នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អអតីត​សណ្ឋាគារ​មេគង្គ​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ប្រចាំការ និង​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បណ្តាញ​ទឹក​ និងភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាល​ដល់​ខេត្តត្បូងឃ្មុំ​ និង​​ខេត្តកំពង់ចាម​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ ធ្វើ​​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ដោយឡែកពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ នៅក្នុង​សណ្ឋាគារ​មេគង្គនេះ​ ត្រូវ​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​វិញ​៕SRP