ខេត្តសៀមរាប៖លោកសារឹម វ៉ាន់ថន អតីតកីឡាករប្រដាល់សេរី និងបក្ខពួកម្នាក់ទៀត ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ករណីឆក់ត្រីខុសច្បាប់នៅក្នុងតំបន់ហាមឃាត់។
របាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ សារឹម វ៉ាន់ថន និងមិត្តភ័ក្រ ម្នាក់ទៀត បានផឹកស៊ីជុំគ្នា នៅចុងភូមិបុស្សក្រឡាញ់ ខាងត្បូង ដែលមានម្ចាស់ផ្ទះឈ្មោះទិត្យ ក្នុងការផឹកស៊ីនេះចាប់ផ្តើមនៅម៉ោងប្រហែល ២០និង០០នាទី លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បានខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់បុស្ស ស្ថិតក្នុងភូមិសាស្រ្ត ចុងស្រែទំនប់ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈពេលកំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបានប្រជាសហគមន៍ សង្កាត់ជ្រាវ ប្រចាំការនៅគោលដៅនោះស្រាប់ ចាប់នាំខ្លួន និងប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ជ្រាវតែម្ដង។
បុរសទាំងទាំងពីរនាក់ ដែលចាប់ខ្លួន ទី១មានឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប និងម្នាក់ទៀតនៅភូមិ ជ្រាវសង្កាត់ជ្រាវ ក្រុងសៀមរាប។ ករណីនេះសមត្ថកិច្ច បានរឹបអូស សម្ភារ និងមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ដូចជា ដុំអាំភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង។
ពាក់ព័ន្ធការចាប់ខ្លួនបុរសទាំង២នាក់ មន្ត្រីរដ្ឋបាលជលផល បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១២ខែមេសានេះ។ ទោះជាយ៉ាងណា មហាជនជាច្រើនបានសុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចជំនាញ មេត្តាយោគយល់ ដល់ពួកគាត់ទាំង២នាក់ផង ដោយសុំត្រឹមធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តទៅបានហើយ។ ដោយអ្នកទាំង២មិនមែនជាអ្នករកស៊ីឆក់ត្រីនោះទេគឺពួកគាត់អត់មានអ្វីក្លែមក៏ខ្ចីរបស់ឆក់គេ ទៅឆក់ដើម្បីយកត្រីមកក្លែមតែប៉ុណ្ណោះ៕SRP

