លោក អ៊ុន ចាន់ដា ចុះត្រួតពិនិត្យគោលដៅ ហាមឃាត់ ការធ្វើដំណើរឆ្លងកាត់​ខេត្ត

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគោលដៅការហាមឃាត់ អ្នកធ្វើដំណើរ ឆ្លងកាត់ខេត្ត។

ការចុះត្រួតពិនិត្យ នៅថ្ងៃទី០៨ ខែមេសា ព្រឹកមិញនេះ​ នៅក្រុងកំពង់ចាម និងស្រុកបាធាយ ដោយអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា ការ​អនុវត្ត​សេចក្តី​សម្រេច​​នេះ​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត​ និង​ខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បី​ទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ដែលមានហានិភ័យខ្ពស់។

លោកក៏បាន​ណែនាំ​ ឲ្យគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន​ រយៈពេល១៤ថ្ងៃ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ ចំពោះ​អ្នក​ដែលមាន​លិខិត​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​មួយ​ចំនួន​ តែ​ត្រូវ​វាស់​ស្ទង់​កម្តៅឲ្យ​បាន​ត្រឹមត្រូវ។

ក្ក្នុងឱកាសនេះដែរលោក ក៏បាន​ផ្តល់​អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក​ ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង​ ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល។

គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ​ ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន​ ៥គោលដៅ។​ លោកក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ៕SRP