អ្នកព័ត៌មានពីររូប ប្រចាំខេត្តសៀមរាប ត្រូវបានក្រុមអ្នកលេងល្បែង ព្រួតគ្នាវាយនឹងដកយកកាមេរ៉ា

អ្នកព័ត៌មានពីររូប ប្រចាំខេត្តសៀមរាប ត្រូវបានក្រុមអ្នកលេងល្បែង ព្រួតគ្នាវាយនឹងដកយកកាមេរ៉ា

ខេត្តសៀមរាប៖អ្នកព័ត៌មានចំនួនពីររូប ត្រូវបានក្រុមអ្នកលេងល្បែងស៊ីសងមួយហ្វូងហ៊ុំព័ទ្ធព្រួតគ្នាវាយអោយរងរបួស ហើយដកយកកាមេរ៉ា។

ហេតុការណ៍នោះ បានកើតឡើងកាលនៅថ្ងៃ ទី២៩ខែមីនា ឆ្នាំ២០២១ ល្ងាចថ្ងៃម្សិលមិញ នៅចំណុចភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាប់ព្រុំប្រទល់ ភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង។

ជនរងគ្រោះក្នុងហេតុការណ៍ ទី១ឈ្មោះឈិត សាវី ភេទប្រុស ជាបុគ្គលិកទូរទស្សន៍ប៊ីធីវី(BTV)ប្រចាំខេត្តសៀមរាប។ទី២ឈ្មោះប្រាក់ សុខឡេង ជាភ្នាក់ងារកាសែតរំដោះជាតិ។ អ្នកទាំងពីរត្រូវក្រុមអ្នកលេងល្បែងស៊ីសងមួយហ្វូងហ៊ុំព័ទ្ធវាយ អោយរងរបួស ព្រមទាំងដកយកកាមេរ៉ា វីដេអូទៀតផង។

ក្នុងករណីនេះលោកប្រាក់ សុខឡេង មិនបានឆ្លើយតបតាមទូរស័ព្ទនោះទេថា ទទួលរងរបួសក្នុងកម្រិតណានោះ។ ចំណែកលោកឈិត សាវី បានឆ្លើយយ៉ាងខ្លីថា មិនមានរឿងអីទេ។ តែលោកឈិត សាវី បានប្រាប់អ្នកកាសែតផ្សេងថា រូបលោកត្រូវបានរងរបួសដោយដំបងនិងកណ្តាប់ដៃជាច្រើនកន្លែង។

ជុំវិញករណីនេះ លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ករណីខាងលើនេះ លោកបានធ្វើរបាយការណ៍ជូនថ្នាក់ដឹងនាំខេត្ត និងក្រសួងព័ត៌មានរួចហើយ។ លោកបន្តថា អ្នកកសែតក្នុងខេត្តសៀមរាប គឺចំណុះអោយមន្ទីរទាំងអស់ ចឹងទេក្នុង នាមប្រធានមន្ទីរ លោកបានផ្តល់យោបល់អំពីផ្លូវច្បាប់ដល់សាម៉ីខ្លួន ទាក់ទងនិងការដាក់បណ្តឹងហើយផងដែរ តែត្រង់ថាប្តឹងឬអត់ គឺជាការសម្រេចពីសាម៉ីខ្លួន។ លោកបានបន្ថែមថា អ្នកកាសែតមិនមានអាវុធក្នុងដៃនោះទេ គឺមានតែកាមេរ៉ា និងស្លាបប៉ាការ ចឹងទេមិនគួរអោយមានបុគ្គលណា ឬក្រុមជនណា ប្រើអំពើហិង្សាមកលើរាងកាយអ្នកកាសែតនោះឡើយ។

លោក លឹម សម្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានអោយដឹងថា ករណីប្រតាយប្រតប់រវាងអ្នកសារព័ត៌មាននិងពលរដ្ឋ ខាងលើមិនស្ថិតក្នុងមូលដ្ឋានស្រុករបស់លោកឡើយ។ តែក្រោយទទួលដំណឹង នៅល្ងាចកើតហេតុ លោកបានអោយប៉ូលិសចុះទៅអន្តរាគមន៍ទាន់ពេលវេលា ដោយរំដោះអ្នកសារព័ត៌មានពីរនាក់អោយចាកចេញពីហ្វូងពលរដ្ឋហើយដែរ។ លោកអធិការថា តាមដឹងពួកគាត់ «អ្នកសារព័ត៌មាន»ខាងលើបានទៅថតគេលេងបៀរ ហើយ ក៏ត្រូវក្រុមពលរដ្ឋព្រួតគ្នាប្រតាយ្រតប់ដណ្តើមយកកាមេរ៉ា។ លុះពេលអ្នកសារព័ត៌មានទាំងពីរនាក់ចាកចេញ ក្រុមពលរដ្ឋទាំងនោះ បានយកកាមេរ៉ា វីដេអូ មកប្រគល់អោយសមត្ថកិច្ច ខាងលោករក្សាទុក ហើយលោករងចាំប្រគល់អោយម្ចាស់វិញប៉ុណ្ណោះ។ ចឹងទេរឿងរ៉ាវយ៉ាងណាពិតប្រាកដនោះ គឺស្ថិតលើសមត្ថកិច្ចស្រុកសូទ្រនិគម។

ចំណែកលោកទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានអោយដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ ដោយពេលនេះកំពុងសាកសួរអំពីដំណើររឿង។ ចឹងទេក្រោយចុះពិនិត្យកន្លែងកើតហេតុ និងលម្អិតសាច់រឿង ទើបអាចដឹងថា ប្តឹងបទអីខ្លះ ហើយទាមទារអ្វីខ្លះ។

ទោះជាបែបនេះក្តី ប៉ុន្តែអ្នកកាសែតត្រូវបានមើលឃើញថា វាងាយនិងផុយស្រួយក្នុងការរងនូវអំពើហិង្សា ពីក្រុមប្រព្រឹត្តអំពើអសន្តិសុខក្នុងសង្គម  ក៏ដូចជាអំពើខុសច្បាប់ផ្សេងៗ។

សូមរំលឹកថាកាលពីនៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម្ដុំមុខប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ លោកលោកប្រន ស៊ាន ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ក៏បានត្រូវបានក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើលបវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរផងដែរ ខណៈចុះយកព័ត៌មាន។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានសង្ឃឹមថាអាជ្ញាថរសមត្ថកិច្ចនឹងទប់ស្កាត់បទល្មើសល្បែងស៊ីសង និងបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាព ជាពិសេសរំពឹងថានឹងរកយុត្តិធម៌ជូនដល់អ្នកសារព័ត៌មានដែលបានរងគ្រោះដោយអំពើហិង្សាខាងលើជាក់ជាមិនខាន៕SRP