សមត្ថកិច្ច បញ្ជូនអ្នកនេសាទខ្មែរ៩នាក់ ទៅតុលាការ

សមត្ថកិច្ច បញ្ជូនអ្នកនេសាទខ្មែរ៩នាក់ ទៅតុលាការ

ខេត្តសៀមរាប៖អ្នកនេសាទខុសច្បាប់ជនជាតិខ្មែរចំនួន៩នាក់ ត្រូវបានសមត្ថកិច្ច បានសម្រេច​បញ្ជូនទៅ តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោក ម៉ក់ ប្រុស ​អភិបាលស្រុក​សូទ្រនិគមបានថ្លែង​អោយដឹង​ថា ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ទាំង​៩​នាក់ ដែល​បាន​ឃាត់ខ្លួន ក្នុងពេល​បង្ក្រាប​បទល្មើស​នេសាទ​នោះ សមត្ថកិច្ចបាន​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​​ថ្ងៃទី​២៩ ខែមីនាម្សិលមិញ ក្រោយ​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើការ​ពិចារណាយ៉ាងល្អិតល្អន់​។

​អភិបាលស្រុក​បន្តថា៖ដោយសារ​ជំងឺ​កូ​វីដ-១៩ រាតត្បាត​យ៉ាងគំហុក ទើប​គណ​:​បញ្ជាការឯកភាព​ខេត្ត ពិចារណា​ជាច្រើន​ម៉ោង​បែបនេះ​។ ប៉ុន្តែ​ដោយ​យល់ឃើញថា បើ​មិន​អនុវត្ត​ច្បាប់ ជន​ប្រព្រឹត្ត មិនអាច​រាងចាល ទើប​សម្រេច​បញ្ជូនទៅ​តុលាការ​តែម្ដង។​

សូមរំលឹកថានៅពី​រសៀលថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ ​សមត្ថកិច្ចចម្រុះបាន​សហការគ្នា បើក​ការបង្ក្រាប​បទល្មើស​នេសាទ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​និគម និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ជា​លទ្ធផល​ឃាត់ខ្លួនអ្នកនេសាទ៨នាក់ ដកហូត​កាណូត​ស្មាច់៨គ្រឿង​. សាច់​ស៊ី​ប៨​គ្រឿង មាន​ក្រឡា២​ទៅ​៣​ហ៊ុន​. ដង​ស៊ី​ប៨គូប្រវែង៦​ម៉ែត្រ​. ម៉ាស៊ីន​ម៉ាក​កា​វា កម្លាំង​១៨​សេស ២១​គ្រឿង​.និង​ត្រី​ចម្រុះ១៥០គីឡូក្រាម​។ លុះ​ព្រលប់​ថ្ងៃ​ដដែលបានឃាត់បាន​ម្នាក់ទៀត​។​

ជុំវិញ​ការបង្ក្រាប​បទល្មើស រហូត​ឃាត់ខ្លួន​មនុស្ស ៩នាក់​នេះ សមត្ថកិច្ចក្នុង​ហេតុការណ៍បាន​បង្ហើប​ថាបទល្មើស​នេសាទ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប នាពេល​កន្លងមក រហូត​បច្ចុប្បន្ន គឺ​កើតមានយ៉ាងពេញបន្ទុក ហើយ​ឧបករណ៍ មាន​គ្រប់​រូបភាព សុទ្ធសឹង​ជា​ឧបករណ៍ ដែល​ត្រូវ​ហាមឃាត់​។​

​ប្រភពបាន​បន្តថា តាម​ការស្រាវជ្រាវ ជន​ប្រព្រឹត្ត គឺជា​ក្រុមមនុស្ស​ដដែលៗ មិនមាន​ការខ្លាច រអា​ចំពោះ​មន្ត្រី​ជំនាញ​ឡើយ​។ ពួកគេ​ហាក់បីដូច​ទទួល​បានកា​របើកភ្លើង​ខៀវ​អោយជាមុន​អីចឹង​។ បើ​មិន​ដូច្នេះ​ទេ យ៉ាងហោចណាស់ ក៏​ពួកគេ​លួច​ធ្វើ​ដោយ​កន្លែង មិនមែន​ស្ទើរតែ​ពេញផ្ទៃ​ទឹក​បែប​នេះឡើយ​។ នេះ​ប្រសិនបើ សមត្ថកិច្ច​ខាងលើ មិន​សហការគ្នាចុះបង្ក្រាប​ទេបទល្មើស អាច​នឹង​រីក​ដូច​ផ្សិត មិន​ថារដូវប្រាំងឬ​វស្សា​ឡើយ​។​

​ជាមួយនឹង​សកម្មភាព ដែល​បាន​បង្ក្រាបបទល្មើសនេសាទ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តសៀមរាប លោក ព្រិ​ន សា​វិ​ន មិនអាច​សុំ​ការពន្យល់​បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​ហៅចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល​៕SRP«លោកសរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក»