អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យ​ សណ្ឋាគារ​មេគង្គ​ កំពុងកែលម្អ ទៅជាមន្ទីរពេទ្យព្យាបាលអ្នក​ជំងឺកូវី

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យ​ សណ្ឋាគារ​មេគង្គ​ កំពុងកែលម្អ ទៅជាមន្ទីរពេទ្យព្យាបាលអ្នក​ជំងឺកូវី

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ដែលកំពុងតែកែលម្អ ឲ្យប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​។

ការចុះពិនិត្យនេះ នៅថ្ងៃ​ទី​២៩​ ខែមីនា​ ព្រឹកមិញនេះដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​។

ក្នុង​ឱកាសនោះ​ដែរ​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ឲ្យ​​រៀបចំ​​កែលម្អសណ្ឋាគារ​មេគង្គ​នេះ​ ដោយ​ឈ្មោះ​ «មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម»​ ក្នុងនោះ​ត្រូវ​មាន​ការ​រៀបចំ​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ បន្ទប់​បុគ្គលិក​ពេទ្យ​ប្រចាំការ​ និង​រៀបចំ​បណ្តាញ​ទឹក​-ភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លា​ខាង​ក្រៅ​​​ឲ្យ​បាន​ស្អាត​​ល្អ​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ការ​ជឿ​និង​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​បញ្ជូនពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គនេះ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម​វិញ​៕SRP