អភិបាលខេត្តមណ្ឌលគិរី ដាក់បទបញ្ជាឲ្យដកហូត ការកាប់រុករានដី នៅតាមព្រំដែន ទុកជារបស់រដ្ឋវិញ​

ខេត្តមណ្ឌលគិរី៖លោកស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ ទាំងឡាយណា ដែលបានកាប់រុករានដី នៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិ ត្រូវដកហូតដីទាំងអស់នោះ ទុកជាដីរបស់រដ្ឋវិញ​ រីឯដីដើមស្រស់ ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ លោកបានអនុញ្ញាតឲ្យមន្ទីរសុរិយោដី ធ្វើការវាស់វែងឲ្យបានគ្រប់ចំនួន​ និងធ្វើការប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ​។

លោកបានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរទៅលើប្រជាពលរដ្ឋ មួយចំនួន ដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ និងបានឲ្យផ្នែកជំនាញនៃមន្ទីរបរិស្ថាន ធ្វើការដកហូតដីទាំងអស់នោះ យកមកជាកម្មសិទ្ធិរបស់រដ្ឋវិញផងដែរ។​

លោកអះអាងយ៉ាងដូច្នេះនៅថ្ងៃសៅរ៍​ ថ្ងៃទី២៧ ខែមីនា ម្សិលមិញ ក្នុងពេលដឹកនាំអង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ ចុះពិនិត្យស្ថានភាពផ្លូវនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៣០៣​ ស្ថិតក្នុងស្រុកពេជ្រា​ និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ​ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ ក្នុងឃុំដាក់ដាំ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ព្រមទាំងត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​ ផងដែរ៕SRP