ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា .អ្នកឧកញ៉ា លី យ៉ុងផាត់ ក្រុមហ៊ុន ជីបម៉ុង ដែលបានបរិច្ចាគថវិកាចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។
បើគិតត្រឹមយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ថវិការបស់សប្បុរសជន បានចូលរួមបរិច្ចាគជូនសម្តេចតេជោ ប្រមាណ ៧.៥លានដុល្លារដើម្បីទិញមន្ទីរពេទ្យ “នគរទេព” ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។
សប្បុរសជនដែលបរិច្ចាគថវិកាមាន ទី១អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភថវិកាចំនួន ៣.៥ លានដុល្លារ ជូននាយករដ្ឋមន្ត្រីហ៊ុន សែន
ទី២ក្រុមហ៊ុន ជីបម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូននាយករដ្ឋមន្ត្រីហ៊ុន សែន
ទី៣អ្នកឧកញ៉ា លី យ៉ុងផាត់ប្រកាសឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូននាយករដ្ឋមន្ត្រីហ៊ុន សែន។
សូមជម្រាបថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង៕SRP