ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។
សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប៕SRP