ភ្នំពេញ៖លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តលង្កាព្រះកុសុមារាម។
ពិធីនេះធ្វើឡើងថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះវត្តមាន សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត។
ពិធីនេះប្រព្រឹត្តទៅបានស្របតាម «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ»។
ការទូងស្គរនេះ ក៏ជាសារដាស់តឿន ក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលមេរោគកូវីដ១៩។
លោកស្រីម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕SRP