ពលរដ្ឋ​នៅខេត្តកំពង់ចាម​​ ជាង៧២ម៉ឺន​នាក់​ នឹង​​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​

ពលរដ្ឋ​នៅខេត្តកំពង់ចាម​​ ជាង៧២ម៉ឺន​នាក់​ នឹង​​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​

ខេត្តកំពង់ចា៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ សរុប​ប្រមាណ​ជាង​៧២ម៉ឺន​នាក់​ នឹង​ទទួល​បាន​ការ​ចាក់​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដោយ​ស្ម័គ្រចិត្ត​ និង​ដោយ​ឥតគិតថ្លៃ​​ពី​រាជរដ្ឋាភិបាល​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ខេត្តកំពង់ចាម​ នៅថ្ងៃ​ទី​២៦​ ខែមីនា​ ព្រឹកមិញនេះ

លោក អ៊ុន​ ចាន់ដា​ បាន​បន្តថ្លែង​ថា​ ចំពោះ​​ការងារ​ចាក់​វ៉ាក់សាំង​នេះ​ សម្រាប់​ខេត្ត​កំពង់ចាម​ គឺ​ត្រូវ​ជ្រេីសរេីស​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ទាំង​អស់​ បញ្ចូល​ជា​សមាជិក​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ ដេីម្បី​ត្រៀម​រៀបចំ​ផែនការ​ឲ្យ​បាន​ម៉ត់ចត់​ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ រហូត​​ជាង​៧២ម៉ឺន​នាក់​ ដែល​ជា​ចំនួន​យ៉ាង​​ច្រើន​ ដូច្នេះ​យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​​ត្រៀម​​រៀបចំ​ក្រុម​គ្រូពេទ្យ​ និង​ក្រុម​ការងារ​ផ្សេង​ៗ​ ​ទុក​ជាមុន​ ដោយ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​ ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​។

អភិបាលខេត្ត​ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត​ សរុប​ជាង​៤០ក្រុម​ ដោយ​មាន​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ របស់​លោក
ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ របស់លោក ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ក្រុម​និស្សិត​ពេទ្យ​នៃ​សាលា​មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ ដោយត្រូវ​ជ្រើសរើស​យក​ទីតាំង​ដែល​មាន​សុវត្ថិភាព​ ​សម្រាប់​ធ្វើការ​ចាក់​វ៉ាក់សា។

អភិបាលខេត្តបាន​បញ្ជាក់​ថា​ អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ខេត្តកំពង់ចាម​ បាន​ត្រៀម​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ សរុប​ជាង​៧២​ម៉ឺន​នាក់​នេះ​ គឺ​អាច​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជា​១៥០ថ្ងៃ​ សរុប​ចាក់​ទាំង​២លើក​ គឺ​ត្រូវប្រេីប្រាស់​ពេលវេលា​ស្មើ​នឹង​១០ខែ​ឯណោះ​ ដូច្នេះ​អាជ្ញាធរ​ក្រុង​-ស្រុក​ទាំង​អស់​ ត្រូវ​ធ្វើ​ការ​ស្រង់យក​ទិន្នន័យ​ អ្នក​ស្ម័គ្រចិត្ត​ នៅ​តាម​មូលដ្ឋាន​រាងៗខ្លួន​ ចាប់​ពី​ពេលនេះ​តទៅ​៕​SRP