
ភ្នំពេញ៖លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលា ដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរ ជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុត ដែលធ្វើអោយកម្ពុជា មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។
ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនទៀត។
នៅក្នុងបេសកកម្ម របស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។
លោកជំទាវ ជម្រាបជូនយ៉ាងដូច្នេះនៅវិមានសន្តិភាព ថ្ងៃអង្គារ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្នុងឱកាសបានចូលជួបពិភាក្សាការងារជាមួយ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោកជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។
សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក។
សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះហត្ថលេខា កន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀត ស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ៕SRP

