មន្ត្រីជួយសង្រ្គោះសត្វឆ្កែជាង១០០ក្បាល ខណ:ឈ្មួញដឹកយកទៅលក់

ខេត្តកំពង់ធំ៖ក្រុមមន្ត្រីបានជួយសង្គ្រោះសត្វឆ្កែជាង១០០ក្បាល ខណ:ឈ្មួញដឹកតាមរថយន្តយកទៅលក់។

ការឃាត់រថយន្តដឹកសត្វឆ្កែនេះនៅចំណុចភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមន្ត្រីបស្សុព្យាបាលសត្វ សហការជាមួយកងរាជអាវុធហត្ថ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ។

រថយន្តខាងលើម៉ាកកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-4534 ដឹកសត្វឆ្កែចេញពី ភូមិត្រាចជុំ ឃុំសព្រោជ ស្រុកស្ទោង ខខេត្តកំពង់ធំ យកទៅលក់នៅ ម្តុំថ្នល់បែក ភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃាត់មនុស្ស២នាក់ ផងដែរ ទី១ឈ្មោះ វឿន វ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម និងព្រូឡានឈ្មោះ អឿង អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

មន្ត្រីបន្តថាសត្វឆ្កែទាំងនោះ ត្រូវបានឈ្មួញឈ្មោះ មូល មាន ភេទប្រុសអាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ អាយ ផេន រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ បានមកឈរជើងទិញនៅចំណុចម្តុំថ្នល់បែក ភូមិរកាកោង ដើម្បីដឹកបន្តទៅភ្នំពេញ។

លោកតាន់ ម៉េងឆាង ប្រធានការិយាល័យបស្សុព្យាបាលសត្វ បានឲ្យដឹងថា ម្ចាស់រថយន្តនិងត្រូវបានធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មសត្វសុនខតទៅទៀត បើមានការដឹកជញ្ជូនលើកក្រោយ និងត្រូវពិន័យករណីមិនរាងចាល។ ចំណែកសត្វសុនខជាង១០០ក្បាល ការិយាយជំនាញឲ្យដឹកទៅទីតាំងប្រភពដើមវិញ ដើម្បីធ្វើការដោះលែងឲ្យមានសេរីភាព។

សូមលំលឹថា នៅខេត្តសៀមរាប គឺត្រូវបានមន្ទីរកសិកម្មខេត្តសៀមរាប ចេញលិខិតដាច់ខាតហាម ការធ្វើចរាចរណ៍ឬអាជីវកម្ម លក់សាច់ឆ្កែ និងជួញដូរជាដាច់ខាត ដោយកន្លងទៅធ្លាប់បង្ក្រាបផងដែរ។ ប៉ុន្តែបើទោះបីមន្ទីរកសិកម្មខេត្តសៀមរាបបានហាមឃាត់យ៉ាងតឹងរ៉ឹងយ៉ាងនេះក្ដី បច្ចុប្បន្នគេឃើញមានការលក់សាច់ឆ្កែយ៉ាងអនាធិបតេយ្យដដែល។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាចំណាត់ការរបស់មន្ទីរកសិកម្មខេត្តសៀមរាបធ្វើឡើងរបៀបគោះទឹកបង្អើលត្រីឲ្យស៊ងតែប៉ុណ្ណោះ៕SRP