ខេត្តសៀមរាប៖មន្ត្រីមួយរូបបានថ្លែងថាស្ត្រីដែលនគរបាល ឃាត់ខ្លួន ករណីចែកចាយផលិតផលក្លែងម៉ាកNNP នៅផ្សារលើធំថ្មីត្រូវបានដោះលែងវិញហើយ។
លោកជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រាប់អ្នកកាសែត តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែមីនា ព្រឹកមិញថា ស្ត្រីឈ្មោះ បូ រ៉ាណា ម្ចាស់ទីតាំងចែកចាយផលិតផលក្លែងម៉ាកNNP ក្នុងផ្សារលើធំថ្មី នៃក្រុងសៀមរាប ដែលបានឃាត់ខ្លួន ក្នុងប្រតិបត្តការបង្ក្រាបផលិតផលក្លែកម៉ាក កាលពីថ្ងៃទី១៨ខែមីនា ម្សិលមិញនេះ បានដោះលែងវិញហើយក្រោយធ្វើកិច្ចសន្យា។
លោកបន្តថា បន្ទាប់ពីសាកសួរនិងស្តាប់ចម្លើយឃើញថា ស្រ្តីរូបនេះមិនចេះអក្សរ ហើយផលិត ផលទាំងនោះពុំបានទិញពីអ្នកណា គឺរូបគាត់ទិញឡេផ្សេងៗ មកផ្សំដោយខ្លួនឯង។ មួយវិញទៀត រូបគាត់សារភាពថា ដោយឃើញផលិតផលម៉ាកNNP លក់ដាច់ខ្លាំងរូបគាត់ក៏គុបពីម៉ាកNNPមកបិទលើប្រអប់ឬកំប៉ុងរបស់ខ្លួនដើម្បីលក់ តែពុំបានដឹងថា ប៉ះពាល់ដល់ក្រុមហ៊ុនដាណា ទ្រី។
លោកបន្ថែមថា ដោយឃើញស្ថានភាពជាក់ស្តែង ទើបលោកស្រីទ្រី ដាណា ម្ចាស់ក្រុមហ៊ុនដាណា ទ្រី សម្រេចបញ្ឍប់ការប្តឹងផ្តល់ ហើយអោយធ្វើកិច្ចសន្យា ឈប់ចែកចាយផលិត ផល NNPក្លែងម៉ាកតទៅទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែល ដឹកនាំសម្រួលនិតិវិធីដោយលោក ថេង សំ ណាង តំណាងអយ្យកាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូល រួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន បង្ក្រាបការចែកចាយ ផលិតលផក្លែងម៉ាក ដោយឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ។
សមត្ថកិច្ចក្នុងហេតុការណ៍ បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើ អោយបញ្ឍប់សកម្ម ភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ ប៉ុន្តែម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំ ណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។ទោះបីយ៉ាងណា ស្ត្រីដែលរងបណ្តឹងពីឈ្មោះទ្រី ដាណាដោយទាមទារសំណង១០ម៉ឺនដុល្លារ រហូតប៉ូលិសឃាត់ខ្លួននោះ ពេលនេះត្រូវបានបញ្ចប់ និងមានសេរីភាពដូចធម្មតាវិញហើយ៕SRP

