អភិបាលខេត្តត្បូងឃ្មុំ ប្រាប់មន្ត្រីថា ក្រោយចុះណែនាំពលរដ្ឋ បង្ការជំងឺកូវីដ តែកុំភ្លេច អនុវត្តន៍ខ្លួនឯង

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានប្រាប់មន្ត្រីទាំងអស់ថា ក្រោយពីចុះអប់រំណែនាំ បញ្ជ្រាបដល់ពលរដ្ឋវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោសទណ្ឌ និងការផាកពិន័យ តែកុំភ្លេចត្រូវចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ។ ពោល ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃ សម្រាកចុងសប្តាហ៍។

លោកដាស់តឿន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ នៅព្រឹកមិញនេះ ក្រោម​វត្តមាន​​លោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត​។

ថ្លែងក្នុងកិច្ចប្រជុំ លោក ជាម​ ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ​ ឲ្យ​បន្តសហការ កំណត់អត្តសញ្ញាណ អ្នកចំណូលស្រុក មកពីតំបន់ហានិភ័យ ពិសេសពលករ ដែលសម្រុកចេញ ពីប្រទេសថៃមកលេងស្រុកកំណើត ក្នុងឳកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ដោយត្រូវមកស្នាក់នៅចត្តាឡីស័ក តាមមណ្ឌលដែលរដ្ឋបាលខេត្ត បានរៀបចំទុក ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់. ដោយឡែកពលរដ្ឋ ដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់. ចំណែក៥៧៨នាក់ទៀត កំពុងតាមដានសុខភាព និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹង ជាពលករ មកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្ត បានរៀបចំឲ្យមានក្រុមការងារទៅទទួល ដល់តាមបណ្តា ខេត្តនានា ៕SRP