អភិបាលខេត្តកំពង់ចាម​ ពិនិត្យការរៀបចំទីតាំង ត្រៀមសម្រាប់ធ្វើចត្តាឡីស័ក នៅតាមបណ្ដាស្រុក

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមីនា ព្រឹកមិញនេះ បានចុះពិនិត្យការរៀបចំទីតាំង ត្រៀមសម្រាប់ធ្វើចត្តាឡីស័ក របស់រដ្ឋបាលស្រុកចំការលេី ព្រៃឈរ ជេីងព្រៃ​ និង​ស្រុក​បាធាយ​។

ការចុះពិនិត្យនេះ ខណ:ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកជិត ដោយលោកអ៊ុន​ ចាន់ដា​ ស្នើដល់រដ្ឋបាលស្រុកទាំងអស់ ត្រូវពិនិត្យរកពីទីតាំង​ឲ្យ​បាន​សមរម្យ ចៀសវាងប៉ះពាល់ ដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា ត្រូវបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

អភិបាលខេត្ត ក៏បានណែនាំដល់ស្រុកនីមូយៗ ដែលមានសហគមន៍ ខ្មែរឥស្លាម រស់នៅ ត្រូវពិនិត្យរកទីតាំងត្រៀម សម្រាប់បញ្ជុះសព ខ្មែរឥស្លាម តាមប្រពៃណី របស់ពួកគាត់ ក្នុងករណី មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាអាជ្ញាធរខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ចំនួន២កន្លែង គឺ ១.នៅសណ្ឋាគារមេគង្គ និង ២.នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលមានចំនួន ២៦០បន្ទប់ ស្មើនឹង ៥៨៥គ្រែ។ ដោយឡែក
នៅតាមបណ្តាស្រុកនីមួយៗ ក៏បានត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ផងដែរ។

ជាក់ស្ដែង នៅស្រុកចំការលើ បានត្រៀម ២កន្លែង គឺ ÷ ១.សាលាពុទ្ធិកសិក្សា ក្នុងវត្តស្ទឹងក្តី​ ឃុំបុសខ្នុរ វត្តស្វាយទាប​ និង ២.នៅវត្តតាំងក្រង់ ឃុំស្វាយទាប ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់។ ចំណែកនៅស្រុកព្រៃឈរ បានត្រៀម ១កន្លែង នៅសាលាពុទ្ធិកសិក្សា ស្ថិតក្នុងវត្តគ​រ ឃុំគរ ស្រុកព្រៃឈរ ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណជា ៦០នាក់៕SRP