ខេត្តសៀមរាប៖មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ ខណ:កំពុងធ្វើដំណើរតាមម៉ូតូ២គ្រឿង ត្រូវបានរថយន្តយីឌុបដឹកទំនិញរេចង្កូតមកបុក។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង៣៥នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមផ្លូវលេខ៦៧។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញប្រភេទយីឌុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ៤A៣២០៦ បើកបរពីទិសខាងត្បូង ឆ្ពោះទៅជើង ហើយបានជ្រុលចង្កូតបុកម៉ូតូ០១គ្រឿង រួចបន្តទៅបុកម៉ូតូរ៉ឺម៉ក០១គ្រឿងទៀត បណ្ដាលឱ្យរបួសធ្ងន់មនុស្ស ចំនួន០៣នាក់ ខូចខាតម៉ូតូចំនួន២គ្រឿង និងរថយន្ត១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះតាមការសន្និដ្ឋានអ្នកបើកបររថយន្តអាចងងុយដេក។ ទោះជាយ៉ាងណាការ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងទាំងសងខាងត្រូវបានរក្សាទុកនៅអធិការស្រុកបន្ទាយស្រី៕SRP