ខេត្តសៀមរាប៖ករណីជនដៃដល់ចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានវាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែត «អាណាចក្រខ្មែរ» កាលពីរំលងអាធ្រាតថ្ងៃទី ១៤ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើស។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រួមទាំង នគរបាលស្រុកស្វាយលើ នៅព្រឹកថ្ងៃទី១៥ខែមីនានេះ បានកំពុងចុះសាកសួរ ជនរងគ្រោះ បន្ថែមនៅមន្ទីរពេទ្យឯកជន ហុង ឈីម នៅក្រុងសៀមរាប។
លោកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានថ្លែងប្រាប់តាមទូរស័ព្ទថា ខាងលោកនៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះក្រោយកើតហេតុ ជនរងគ្រោះ ពុំទាន់បានមកដាក់ពាក្យបណ្តឹង ដោយកំពុងសម្រាកព្យបាលនៅឯខេត្ត ហើយមានតែបងប្អូន មកផ្តល់ព័ត៌មានខ្លះៗតែប៉ុណ្ណោះ។ ប៉ុន្តែករណីនេះទំនងពិបាកស្រាវជ្រាវ ព្រោះកើតហេតុពេលយប់។
លោកបន្តថា ចំពោះការវាយនោះ ថាតើ ជារឿងគំនុំឬយ៉ាងណានោះ លោកមិនអាចឆ្លើយនោះឡើយ ព្រោះជនរងគ្រោះ ដើរដេកពាសវាល ពាសកាល ទោះបីអាជ្ញាធរមានសមត្ថកិច្ចហាមយ៉ាងណា ក៏មិនស្តាប់ដែរ។ តែខណ:នេះ សមត្ថកិច្ចរបស់លោកកំពុងទៅសាកសួរ ជនរងគ្រោះបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញា។
ជុំវិញហេតុការណ៍នេះ លោក ប្រន ស៊ាន ចាងហ្វាងកាផ្សាយកាសែតអាណាចក្រខ្មែរ បានប្រាប់អោយដឹងថា ករណីនេះ លោកនឹងដាក់ពាក្យបណ្តឹង ក្រោយពេលសមត្ថកិច្ចសាកសួរហើយ។ លោក ស៊ាន បន្តថា នៅយប់កើតហេតុ បន្ទាប់ពីរូបលោកចាកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ហើយងងុយដេក រូបលោកនិងអ្នករួមដំណើរម្នាក់ទៀត បានឈប់ឡានហើយចងអង្រឹងដេកក្បែរផ្លូវ មុខប្រាសាទបេងមាលា ក៏ស្រាប់តែជនដៃដល់២នាក់ ក្នុងចំណោម៤នាក់ប្រដាប់ដោយដំបង វាយមកលើរូបលោកប្រមាណជាង១០ដំបងបណ្តាលអោយរងរបួសធ្ងន់ធ្ងរតែម្ដង។
លោកចាងហ្វាងបន្ថែមថា ក្នុងចំណោមជនដៃដល់នោះ លោកបានស្គាល់ម្នាក់ ចឹងទេលោកនឹងផ្តល់អត្តសញ្ញាណទៅសមត្ថកិច្ច។ ការវាយមកលើរូបលោកពីសំណាក់ជនដៃដល់ គឺអាចជាការប៉ុនប៉ងមនុស្សឃាត ព្រោះថា បើរូបលោកមិនមានឳកាសរត់ចូលក្នុងឡានទាន់ទេ ពួកគេអាចវាយរហូតដល់ស្លាប់។
សូមរំលឹកថា កាលពីម៉ោងជាង១២យប់ឆ្លងចូលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ មានក្រុមជនដៃដល់២នាក់ក្នុងចំណោម៤នាក់ ប្រដាប់ដោយដំបង បានព្រួតគ្នាវាយមកលើ លោកប្រន ស៊ាន ចាងហ្វាងកាសែតអាណាចក្រខ្មែរ បណ្តាលអោយរងរបួសមុខក្បាលនិងដៃយ៉ាងដំណំ។
ការព្រួតវាយនេះ ក៏ត្រូវបានប្រភពមួយបង្ហើបថា ដោយសាតែលោកចាងហ្វាងរូបនេះ ទៅចងអង្រឹងដេកតាមដងផ្លូវ ដែលជាការរំខានការដឹងជញ្ជូនបទល្មើសព្រៃឈើរបស់ក្រុមឈ្មួញ។ ត្បិតដងផ្លូវមួយខ្សែដែលតភ្ជាប់ពីខេត្តព្រះវិហារ ឆ្លងតាត់ស្រុកស្វាយលើ ឆ្ពោះមកខេត្តសៀមរាប និងកំពង់ធំនេះ ជាដង្ហើមនៃការដឹកជញ្ជូនបទល្មើសព្រៃឈើ។ ចឹងទេដើម្បីជាការបើកផ្លូវ និងជាការកំឡាច ដល់អ្នករារាំង ពួកគេនឹងធ្វើបែបអីចឹង៕SRP