អភិបាលខេត្តកំពង់ចាម ថ្លែងអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់សូមឲ្យមានការពាក់ម៉ាស នៅទីសាធារណៈ

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ សូម​ឲ្យ​មានការ​ចូលរួម​អនុវត្ត តាមកន្លងថ្មី ដោយ​មាន​ការ​ពាក់ម៉ាស នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះ និង​កុំបី​ចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​ ហើយ​សូម​ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ-១៩​ និង​ប្រើ QR Code Stop Covid​ ផងដែរ​។ ​

លោកថ្លែងយ៉ាងដូច្នេះនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​ព្រឹកមិញនេះ ក្នុងឱកាចុះពិនិត្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយ​ស្ម័គ្រ​ចិត្ត​ ប្រគេនដល់​ព្រះ​មន្ត្រី​សង្ឃ និងមន្ត្រីរាជការ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ ក្រោមការដឹកនាំ​និមន្តដោយ​ ព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០​។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដោយស្ម័គ្រចិត្ត​ និង​ឥតគិតថ្លៃ ជូនដល់​មន្ត្រី​រាជការ​ កងកម្លាំង​ជួរមុខ​ ​ដែលប្រឈមខ្លាំង ក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតដល់ពេលនេះ ចាក់បាន ចំនួន ៤.៨៩៤ នាក់។​ ជាមួយគ្នានោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ៩ទីតាំង រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ​៕SRP