លោកហ៊ុន ម៉ាណែត ផ្ញើសារអំពាវនាវ សូមបងប្អូនទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានសុខាភិបាល

ភ្នំពេញ៖មេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត បានថ្លែងសារអំពាវនាវ សូមឲ្យបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តនៅវិធានសុខាភិបាល។

តាមរយៈទំព័រហ្វេសប៊ុក របស់លោកហ៊ុន ម៉ាណែត នៅព្រឹកនេះ បានអះអាងថា៖អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការចាំបាច់ ក្រុមការងារយើង បានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុត ដែលអាចធ្វើទៅបាន។

លោកហ៊ុន ម៉ាណែត បានបន្តថា៖ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕SRP