ខេត្តព្រះវិហារ៖មន្ត្រីឥណទាន អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តធុនធំបុកចំពេញទំហឹង។
គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥ និង៥៥នាទី លើផ្លូវជាតិលេខ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចផ្លូវកោងចុងភូមិដាន ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។
សមត្ថកិច្ចស្រុកគូលែនបានប្រាប់ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍ ថារថយន្តបង្កម៉ាកហ្វុយសូ ប្រភេទវេអងពណ៌ខៀវ សឺមីរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A 3441 ក្បាលពាក់ស្លាកលេខ ប៉ៃលិន 3A 5168 ខូចខាតស្រាល អ្នកបើកបររត់គេចពីកន្លែងកើតហេតុ មកឈប់រថយន្តប្លុងចោល នៅចំណុចដីឈ្មោះ ចក់សៀន ខាងកើតអធិការដ្ឋាននគរបាលស្រុកលែន ចម្ងាយប្រហែល៥០០ម៉ែត្រ និងចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥០០ម៉ែត្រ ហើយតៃកុងក៏បានរត់គេចខ្លួនបាត់តែម្ដង។
សមត្ថកិច្ចបន្តថាជនរងគ្រោះឈ្មោះសូត ធា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមន្ត្រីឥណទាន អិលអូអិលស៊ី (ខេមបូឌា)ភីអិលស៊ី សាខាខេត្តព្រះវិហារ មានស្រុកកំណើត ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្ននៅភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម1R 5288 ខូចខាតធ្ងន់។
បើតាមសមត្ថកិច្ចបញ្ជាក់ថា«មូលហេតុ មិនគោរពសិទ្ធិអទិភាព អ្នកបើករថយន្តបង្ក មកដល់ចំណុចផ្លូវកោង»ក៏ជ្រុលចង្កូត ចូលទៅចំណែកផ្លូវម៉ូតូ ហើយក៏បុកតែម្ដង។ករណីនេះកម្លាំងជំនាញចរាចរណ៍ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ និងប្រមូលយកវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកគូលែនដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕SRP