សម្ដេច ស ខេង ឧបត្ថម្ភដល់ក្រុមបោសសំអាតគ្រាប់ នៅនាវាចម្បាំងក្នុងទន្លេ ម្នាក់ៗ១លានរៀល ជារៀងរាល់ខែ រហូតបញ្ចប់ប្រតិបត្តិការ

សម្ដេច ស ខេង ឧបត្ថម្ភដល់ក្រុមបោសសំអាតគ្រាប់ នៅនាវាចម្បាំងក្នុងទន្លេ ម្នាក់ៗ១លានរៀល ជារៀងរាល់ខែ រហូតបញ្ចប់ប្រតិបត្តិការ

ភ្នំពេញ៖ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹងទទួលបានថវិកា ១លានរៀល ក្នុង១ម្នាក់ៗ ជារៀងរាល់ខែ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។

សូមជម្រាបថានៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ព្រឹកមិញនេះ លោក ជា សុគន្ធា នាយករងខុទ្ទកាល័យ និងតំណាង សម្ដេច ស ខេង ព្រមទាំង សហការី បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះខាងលើ។

បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។

តាមគម្រោងប្រតិបត្តិការ ស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីនាវាច្បាំង ដែលលិចក្នុងទន្លេ គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ។

តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នឹងស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ផងដែរ៕SRP