ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បានអញ្ជើញប្រគល់ ជូនដល់លោកយាយឈ្មោះប៊ិន ហ៊ាវ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅមានសុខភាពជរា ជើងទាំង២ទន់ ដើរពឹងលើឈើច្រត់ ភ្នែកខាងស្ដាំពិការ (បាយ) ត្រចៀកធ្ងន់ ពេលថ្ងៃនៅផ្ទះម្នាក់ឯង លុះយប់ឡើងទៅសម្រាននៅផ្ទះក្មួយ (ព្រោះព្រួយពីសុខភាព)។
លោករស់នៅក្នុងភូមិត្រីញ័រ ឃុំត្រីញ័ ស្រុកពួក ខេត្តសៀមរាប។
ផ្ទះមនុស្សធម៌១ខ្នងនេះ មានមានទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿងជញ្ជាំងស្មាតបត ក្រាលការ៉ូ ជាអំណោយ របស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម បាលិលេយ្យ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោកស្រី ទាង លី ដែលជាម្ចាស់អំណោយ បានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញភាពខ្វះខាតជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានសំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ ជាពិសេសលោកយាយខាងលើ ទើប
លោកស្រីក៏បានឧបត្ថម្ភ នូវផ្ទះមួយខ្នងនេះ ដើម្បីជាជម្រកដ៏កក់ក្តៅសម្រាប់ លោកយាយតរៀងទៅ។
លោកស្រីក៏បានបន្ថែទៀតថា ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញសមិទ្ធផល ដែលលោកស្រីបានចូលរួមតាមរយៈកាកបាទក្រហមកម្ពុជា ហើយមកដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យហួសពីការគិតរបស់គាត់ទៅទៀត។
មានប្រសាសន៍ ក្នុងឱកាសនោះដែរ លោកជំទាវ ទាង អេង ទៀសីហា ក៍បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម
កម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។
លោកជំទាវក៏បានបន្ថែមទៀតថា ផ្ទះមនុស្សធម៌ដែលប្រគល់ជូនលោកយាយចាប់ពីពេលនេះទៅ និង សូមអោយកូនក្មួយ ដែលមើលថែរក្សាលោកយាយ ជួយសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់លោកយាយទទួលបានផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៥នាក់ ម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៥ម៉ឺនរៀល។
សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៥ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៧ របស់សាខាកាកបាទក្រហមកម្ពុជា៕SRP

