ខេត្តសៀមរាប៖ស្ត្រីម្នាក់ឈ្មោះ ស្រេង ភារម្យ អាយុ៤០ ឆ្នាំ មុខរបរជាកម្មកររើសគ្រាប់ស្វាយចន្ទី ឱ្យថៅកែឈ្មោះ សុក ហុង នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់ដោយសារពុលពងគីង្គក់ កាលពីថ្ងៃទី៦ ខែមីនា ម្សិលមិញ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះមានស្រុកកំណើតនៅភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការបំភ្លឺរបស់ឈ្មោះ ឈឿន វ៉ូន ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលមកធ្វើការជុំគ្នាថា នៅមុនពេលកើតហេតុ ម៉ោង០៨និង១០នាទី លោកនឹងជនរងគ្រោះ បាននាំគ្នាដើរើសគ្រាប់ស្វាយចន្ទី ជាធម្មតា ស្រាប់តែជនរងគ្រោះ មានសភាពក្អួតចង្អោរ លោកក៏នាំជនរងគ្រោះមកខ្ទមដែលពួកគេស្នាក់នៅ ហើយរាយការណ៍ប្រាប់ថៅកែឈ្មោះ សុក ហុង។ ពេលនោះថៅកែ ក៏បានបបួលទៅមន្ទីរពេទ្យ តែជនរងគ្រោះបានប្រាប់ថាមិនទៅទេ ព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ព្រោះព្រឹកមិញបានហូបខ្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយ សម្រាកបន្ដិចលែងអីហើយ។ ឃើញដូចនោះ លោក វ៉ូន ក៏បានច្របាច់ទឹកក្រូចឆ្មារលាយជាមួយស្កសរឱ្យផឹក រួចជនរគ្រោះក៏បានទៅដេកសម្រាកលើដីក្បែរគល់ដូង។ ចំណែកលោកក៏ទៅហៅប្រជាការពារភូមិឱ្យមកជួយមើល។
ពេលជនរងគ្រោះ កំពុងតែដេក ស្រាប់តែមានសភាពខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង លោកក៏បានទូរសព្ទទៅប្រាប់សាច់ញាតិនៅឯស្រុកកំណើត។ ចំណែកថៅកែឈ្មោះ សុក ហុង ក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យ បានរកឃើញក្បាលនិងស្បែកគីង្គក់នៅលើជ្រុញ ត្រង់ខ្នប់ពងគីង្គក់មានស្នាមកាច់ហូបនិងគីង្គក់ អាំងពីរក្បាលនៅលើតុក្បែចង្ក្រាន។ ដោយឡែកសាកសព លើផ្នែកក្បាល ដងខ្លួន និងអវ:យវៈ ពិតជាស្លាប់ដោយសាពុលពងគីង្គក់មែន។ ករណីនេះសាច់ញាតិក៏យល់ស្រប និងមិនបានប្ដឹងនោះទេ៕SRP

