មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

0

ខេត្តកំពង់ធំ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបដិសេធ ទៅនឹងចំពោះព័ត៌មានមួយ ដែលបានផ្សាយថា «ប្រធានមន្ទីរសារណការនិង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គប់គិតគ្នា គៀបយកលុយពីក្រុមឈ្មួញ»។
នេះបើយោងតាម សេចក្ដីប្រកាសរបស់មន្ទីរសាធារណការខេត្តកំពង់ធំ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មានមួយឈ្មោះថា «រស្មីឯករាជ្យ» បានចុះ ផ្សាយដែលមានខ្លឹមសារថា “លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គៀបយកលុយពីក្រុមឈ្មួញ”។
ក្នុងន័យនេះមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមបកស្រាយ បំភ្លឺជូនដូចខាងក្រោម៖

1. លោក ផន ម៉ៅ ប្រធានស្ថានីយចាស់ត្រូវបានផ្លាស់ប្តូរដោយប្រកាសលេខ ៣០៧ប្រក .សក .គតលទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដាក់សមាសភាពថ្មីជំនួសវិញ ដូច្នេះការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិត។

2. ចំពោះដែលថា លោកប្រធានមន្ទីរ គៀបយកលុយពីឈ្មួញ នេះគឺជាព័ត៌មានមិនពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមស្នើសុំឱ្យសារព័ត៌មាន «រស្មីឯករាជ្យ» រកភស្តុតាងឱ្យបានច្បាស់លាស់ បើពុំនោះ ទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ការចុះផ្សាយ ចោទប្រកាន់ បែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រី និងថ្នាក់ដឹកនាំ ហើយមន្ទីរមិនអាច ទទួលយកបានឡើយ។ បើសិនជានៅតែមានការចុះផ្សាយ មិនពិតជាបន្តបន្ទាប់បែបនេះ មន្ទីរនឹងប្រើសិទ្ធិការពារ ក្នុងការអនុវត្តច្បាប់ ដូចនេះ មន្ទីរស្នើសុំឱ្យអ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មាននេះ បកស្រាយបំភ្លឺឡើងវិញ បើពុំ ដូចនោះទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ និងសារព័ត៌មានសាមី មេត្តាជ្រាបជាព័ត៌មាន៕SRP