ប្រកាស លោក ថៃ​ ពិសិដ្ឋ​ ជា​ប្រធាន​មន្ទីរ​មុខងារ​ សាធារណៈខេត្តកំពង់ចាម

0

ខេត្តកំពង់ចាម៖លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាស​តែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោក ម៉ម ភឿក ដែលបានទទួលភារកិច្ចថ្មី។

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ក្រសួង​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

លោក​​ ព្រុំ​ សុខា​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ គ្រប់​ជំនាន់​ ក្នុង​ការ​ដឹកនាំ​ ក៏ដូចជា​ការ​អភិវឌ្ឍន៍​ខេត្ត​ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហើយ​លោក​​រដ្ឋមន្រ្តី​ ក៏​បាន​ធ្វេី​ការ​ផ្តាំផ្ញេីរ​​ដល់មន្ត្រី​មុខងារ​សាធារណៈ​ សូម​ឲ្យ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​​ ឲ្យ​បានសាកសម​ជា​សេនាធិការ​ដែល​ជា​ទី​ទុកចិត្ត​របស់​ក្រុម​ប្រឹក្សា​ គណៈអភិបាល​ ក៏ដូចជា​ អភិបាលខេត្តពោលគឺ​ត្រូវ​​មាន​សមត្ថភាព​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ដូចជា​អ្នក​បម្រើ​​សេវា​ឯកជន​ ធ្វើ​យ៉ាងណា​ត្រូវឲ្យ​អតិថិជនមានការ​សប្បាយ​ចិត្ត​នោះ​យើង​ក៏​សប្បាយ​ចិត្ត​ដូចគ្នា​ដែរ​។

លោក​​ អ៊ុន​ ចាន់ដា​ បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំង​ថ្មី​ ឲ្យ​បន្តនិរន្តរភាពការងារ និង​រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានរបៀបរបបបំពេញការងារ ឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ។ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន​​ រួមទាំង​កិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ជាពិសេស​ ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាន​នានា៕SRP