សាំយ៉ុង បុកផ្ដាច់ជីវិត មនុស្សម្នាក់ នៅស្រុកជីក្រែង

សាំយ៉ុង បុកផ្ដាច់ជីវិត មនុស្សម្នាក់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងថ្នល់ ត្រូវបានរថយន្តមួយគ្រឿង បានបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣៥នាទីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរបានរាយការណ៍ថាករណី នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ២AU៣៧៩៨ មានទិសដៅពីលិចទៅកើត បុកចំ ជនរងគ្រោះខណ: កំពុងដើរឆ្លងថ្នល់ ពីត្បូង ទៅជើងបណ្តាលអោយស្លាប់តែម្ដង។

ជនរងគ្រោះមានឈ្មោះ សួង បញ្ញា ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។

អាជ្ញាធរបានបញ្ជាក់ថាកំពុងកំពុងស្រាវជ្រាវរកអ្នកបើកបរយកមកអនុវត្តតាមផ្លូវច្បាប់។ សូមបញ្ជាក់ថារថយន្តបង្កខាងលើសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការ នគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនិតិវិធី។

ទោះយ៉ាងណា សមត្ថកិច្ចស្រុកជីក្រែង នៅពុំទាន់បង្ហាញជាក់លាក់ អំពីមូលហេតុជុំវិញគ្រោះថ្នាក់ចរាចណ៍ នេះនៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល៕SRP